Top Ad unit 728 × 90

ពត៌មានទាំងអស់

random

សហគមន៍​នៅ​ខែត្រ​ស្ទឹងត្រែង​យក​ផ្លែ​ដូង​ផលិត​ជា​វត្ថុ​អនុស្សាវរីយ៍



ប្រធាន​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ នៅ​ខែត្រ​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​សាធារណជន​គាំទ្រ​សម្ភារ​ប្រើប្រាស់​បែប​ប្រពៃណី​ខ្មែរ ដែល​ផលិត​ពី​ផ្លែ​ដូង ដើម្បី​កាត់​បន្ថយ​ការ​បោះ​ចោល​ជា​កាក​សំណល់​សំរាម និង​លើក​កម្ពស់​បរិស្ថាន។ សហគមន៍​បាន​យក​ចម្រៀក​ឈើ និង​ផ្លែ​ដូង​ទុំ​ដែល​គេ​បោះ​ចោល​តាម​ទី​សាធារណៈ មក​ផលិត​ជា​វត្ថុ​មាន​ប្រយោជន៍ ដើម្បី​បម្រើ​ឲ្យ​សេចក្តី​ត្រូវការ​របស់​មនុស្ស។
ប្រធាន​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ នៅ​ខែត្រ​ស្ទឹងត្រែង ដែល​ផ្ដើម​គំនិត​យក​ផ្លែ​ដូង​ទុំ​ដែល​គេ​ច្រើន​បោះ​ចោល​ជា​សំរាម មក​ផលិត​ជា​សម្ភារ​បែប​ប្រពៃណី​សម្រាប់​ប្រើប្រាស់​ក្នុង​សហគមន៍ និង​លក់​ចេញ​ក្រៅ ជាពិសេស​ដើម្បី​ត្រៀម​តាំង​លក់​ក្នុង​ពិធី​បុណ្យ​ទន្លេ ដែល​នឹង​ប្រារព្ធ​នៅ​ចុង​ខែ​មីនា ខាង​មុខ នៅ​ខែត្រ​ស្ទឹងត្រែង។ សម្ភារ​ដែល​សហគមន៍​ផលិត​មាន​ដូចជា ប៉ាន់តែ ពែង និមិត្ត​សញ្ញា​ខែត្រ​ស្ទឹងត្រែង និង​ចម្លាក់​ព្រះកេស​ព្រហ្ម​រចនាបថ​ខ្មែរ។
ប្រធាន​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ គឺ​លោក ឡុង លីប៉ូ រៀបរាប់​នៅ​ថ្ងៃ​ទី​១ មីនា ថា លោក​បាន​ផ្ដើម​គំនិត​កែច្នៃ​សំរាម​ឲ្យ​ទៅ​ជា​វត្ថុ​មាន​តម្លៃ និង​ជួយ​កាត់​បន្ថយ​ការ​បោះ​ចោល​សំរាម​នៅ​ទី​សាធារណៈ ជាពិសេស​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ការ​សិក្សា​របស់​សហគមន៍​ផង។ លោក​ថា បើ​ទោះ​បី​ជា​ការ​ផលិត​មាន​ភាព​សាំញ៉ាំ​បន្តិច​មែន ដោយសារ​តែ​ទម្រង់​ផ្លែ​ដូង​ខុស​គ្នា ដូច្នេះ​ក្រុម​ផលិត​ត្រូវ​ធ្វើ​តាម​ទម្រង់​ផ្លែ​ដូង​ធម្មជាតិ​ផ្សេងៗ​គ្នា៖ «សំរាម​ពាសវាលពាសកាល​ដែល​គ្មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ ដែល​ប៉ះពាល់​ដល់​បញ្ហា​បរិស្ថាន ដែល​បង​បាន​គិត​រក​អ្វី​មួយ​ដើម្បី​កែច្នៃ​សំរាម​ឲ្យ​ក្លាយ​ទៅ​ជា​របស់​មាន​ប្រយោជន៍ ហើយ​ជួយ​កាត់​បន្ថយ​ការ​បោះ​ចោល​ផង ហើយ​គំនិត​នេះ​កើត​ដោយ​ឯង ហើយ​ពុំ​ដែល​ដឹង​ថា​ពីណា​មាន​ធ្វើ​នោះ​ទេ»
លោក ឡូង លីប៉ូ បន្ថែម​ថា សហគមន៍​ចាប់​ផ្តើម​ផលិត​សម្ភារ​ប្រើប្រាស់​ទាំងនេះ​បាន​ជាង ៣​ខែ ក្នុង​នោះ​កុមារ​ក្រីក្រ​មក​សិក្សា​នៅ​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ បាន​ជួយ​បេះ​ផ្លែ​ដូង ខាត់ និង​សម្អាត​សម្ភារ។ លោក​ថា ជនជាតិ​អូទ្រីស ចូល​និវត្តន៍ បាន​ឧបត្ថម្ភ​ម៉ាស៊ីន​ផលិត​សម្ភារ​ទាំងនោះ។ លោក​បញ្ជាក់​ថា តាម​ការ​គ្រោង​ទុក សម្ភារ​ដែល​ផលិត​បាន​មួយ​ផ្នែក​សម្រាប់​ទ្រទ្រង់​ថ្លៃ​ចំណាយ​រដ្ឋបាល​របស់​សិស្ស​នៅ​សហគមន៍។ លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​ផលិតផល​ដែល​សហគមន៍​ផលិត​បាន​គ្មាន​ទីផ្សារ​គាំទ្រ​ផលិត​ក្តី ក៏​សហគមន៍​រីករាយ​នឹង​បង្កើត​វា​ឡើង ដើម្បី​ប្រែ​ក្លាយ​សំរាម​ឲ្យ​ជា​វត្ថុ​មាន​ប្រយោជន៍​បម្រើ​ឲ្យ​តម្រូវការ​របស់​មនុស្ស៖ «ការ​ធ្វើ​នេះ​ដោយ​ការ​ហ្មត់ចត់​ណាស់ ពុំ​មែន​ស្រួល​ទេ តាំង​ពី​យើង​ឡើង​បេះ​ដូង ដល់​កាប់​សម្បក​ដូង ហើយ​យើង​អារ​វា​ហើយ​យើង​នឹង​ខួង​យក​សាច់​ដូង​ចេញ ហើយ​ត្រូវការ​ហាល​វា​រយៈពេល ៣ ទៅ ៤​ថ្ងៃ​ដើម្បី​ឲ្យ​វា​ជាប់ កុំ​ឲ្យ​ប្រេះ»
ប៉ាន់តែ​មួយ និង​ពែងតែ​មួយ​ឈុត សហគមន៍​លក់​ក្នុង​តម្លៃ ៤​ម៉ឺន​រៀល ឬ​ស្មើ ១០​ដុល្លារ​អាមេរិក ហើយ​រូប​និមិត្ត​សញ្ញា​ខែត្រ​ស្ទឹងត្រែង មួយ​លក់​តម្លៃ ១០​ដុល្លារ។ ចំណែក​រូប​ចម្លាក់​ព្រះ​កេស​ព្រហ្ម សហគមន៍​លក់​មួយ​តម្លៃ ៤០​ដុល្លារ។
លោក ឡុង លីប៉ូ គឺ​ជា​ស្ថាបនិក​បង្កើត​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ តាំង​ពី​ឆ្នាំ​២០០៦ ហើយ​លោក​បាន​ចំណាយ​ធនធាន​ផ្ទាល់​ខ្លួន​ទ្រទ្រង់​សហគមន៍​នេះ​ឲ្យ​បដិសន្ធិ​ឡើង​រយៈពេល ៣​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០០៩ មាន​អង្គការ Children planet មាន​ប្រភព​ពី​ប្រទេស​អូទ្រីស បាន​ផ្តល់​ជំនួយ​បន្ថែម​ឲ្យ​សហគមន៍​ដំណើរការ​ដល់​សព្វថ្ងៃ។ សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ មាន​បេសកកម្ម​ផ្ដោត​សំខាន់​បណ្តុះបណ្តាល​កុមារ​ក្រីក្រ និង​កុមារ​កំព្រា ឲ្យ​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ​ភាសា​អង់គ្លេស​មិន​គិត​ថ្លៃ ព្រម​ទាំង​ផ្តល់​អាហារ​ពេល​ព្រឹក និង​ថ្ងៃ​ត្រង់​ដល់​កុមារ។
អង្គការ Children planet មាន​ប្រភព​ពី​ប្រទេស​អូទ្រីស បាន​ផ្តល់​ជំនួយ​ដល់​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ​ក្នុង​មួយ​ឆ្នាំ ៥​ម៉ឺន​ដុល្លារ ហើយ​ប្រាក់​ទាំងនោះ​សម្រាប់​ទ្រទ្រង់​ប្រាក់​ខែ​គ្រូបង្រៀន ផ្គត់ផ្គង់​សម្ភារ​សិក្សា ផ្តល់​អាហារ​ហូប​ចុក​ដល់​កុមារ ជាដើម។
យុវ​សិស្ស​ដែល​កំពុង​សិក្សា​នៅ​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ លោក ហេង លីហុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ មីនា ថា សហគមន៍​បាន​ជំរុញ​ឲ្យ​កុមារ​នៅ​មូលដ្ឋាន​ខិតខំ​រៀន​សូត្រ និង​ឧបត្ថម្ភ​សម្ភារ​សិក្សា ផ្តល់​ការ​សិក្សា​ដោយ​មិន​គិត​ថ្លៃ ព្រម​ទាំង​ផ្តល់​អាហារ​ពេល​ព្រឹក និង​ថ្ងៃ​ត្រង់​ផង ហើយ​ពេល​ទំនេរ​លោក​តែងតែ​មក​ជួយ​ការងារ​សហគមន៍ ដូចជា​សម្អាត​បរិស្ថាន ជួយ​ដុះ​ខាត់​សម្ភារ​សហគមន៍ និង​បេះ​ផ្លែ​ដូង៖ «ខ្ញុំ​មក​រៀន​នៅ​ទីនេះ ព្រោះ​ជីវភាព​គ្រួសារ​ខ្ញុំ​មាន​ការ​លំបាក ហើយ​ខ្ញុំ​នឹង​រៀន​ឲ្យ​បាន​ធ្វើ​ការងារ​សមរម្យ ដើម្បី​ជួយ​ជីវភាព​គ្រួសារ​របស់​ខ្ញុំ»
បច្ចុប្បន្ន សិស្ស​ដែល​សិក្សា​នៅ​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ​មាន​ចំនួន ២៥០​នាក់ និង​មាន​គ្រូបង្រៀន ៥​នាក់ ហើយ​សិស្ស​ភាគច្រើន​ជា​កុមារ​កំព្រា និង​ជា​កុមារ​ក្រីក្រ។ យុវ​សិស្ស​ទាំងនោះ​មួយ​ចំនួន​មក​ពី​ស្រុក​ថាឡាបរិវ៉ាត់ និង​ក្រុង​ស្ទឹងត្រែង។
គ្រូបង្រៀន​នៅ​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ អ្នកស្រី សឿង ធីតា កត់​សម្គាល់​ថា កុមារ​ក្រីក្រ និង​កុមារ​កំព្រា​នៅ​ជនបទ គឺ​ជា​អ្នក​ប្រឈម​ខ្លាំង​មិន​សូវ​មាន​ឱកាស​ទទួល​បាន​ការ​បណ្តុះបណ្តាល​ក្រៅ​ម៉ោង​រដ្ឋ​នោះ​ទេ ដោយសារ​ជីវភាព​ខ្វះខាត។ បញ្ហា​នេះ សហគមន៍​មាន​ទិសដៅ​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ទទួល​បាន​ការ​សិក្សា​ភាសា​អង់គ្លេស​មិន​គិត​ថ្លៃ ដើម្បី​រួម​ចំណែក​ពង្រឹង​ធនធាន​មនុស្ស និង​អភិវឌ្ឍ​វិស័យ​អប់រំ​ជាមួយ​រាជ​រដ្ឋាភិបាល៖ «សំខាន់ គឺ​យើង​ចង់​ជួយ​កុមារ​ដែល​ក្រីក្រ ដែល​គាត់​ពុំ​មាន​លទ្ធភាព​រៀន​នៅ​សាលា​ឯកជន ហើយ​យើង​ផ្ដោត​សំខាន់​ទៅ​លើ​ភាសា​អង់គ្លេស។ ក្មេង​ដែល​មក​រៀន គាត់​មិន​ចាំបាច់​បង់​ប្រាក់​ទេ ហើយ​យើង​មាន​អាហារ​ពេល​ព្រឹក និង​ពេល​ថ្ងៃ​សម្រាប់​គាត់​ទៀត»
បច្ចុប្បន្ន សហគមន៍​ពុំ​ទាន់​ទទួល​បាន​ប្រាក់​ចំណូល​ដោយ​ការ​លក់​សម្ភារ​ជា​ដុំ​កំភួន​ឡើយ ដោយសារ​តែ​គ្មាន​ទីផ្សារ ហើយ​សហគមន៍​អាច​ផលិត​ប៉ាន់តែ​ចាប់​ពី ៣​ប៉ាន់ ទៅ ៥​ប៉ាន់​ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ដោយ ម៉ែន សុធីរ
2017-03-05
RFA



សហគមន៍​នៅ​ខែត្រ​ស្ទឹងត្រែង​យក​ផ្លែ​ដូង​ផលិត​ជា​វត្ថុ​អនុស្សាវរីយ៍ Reviewed by sorphornmeanchey on 5:06 PM Rating: 5

1 comment:

All Rights Reserved by ដែនដីអង្គរ © 2014 - 2015
Designed by Themes24x7

Contact Form

Name

Email *

Message *

Powered by Blogger.