លោក ហ៊ុន សែន ព្រមានកែប្រែច្បាប់រារាំងលោក សម រង្ស៊ី ដែលជួយបក្សប្រឆាំង
អ្នកច្បាប់ និងអ្នកវិភាគលើកឡើងថា គម្រោងចង់ធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឲ្យទណ្ឌិតលូកលាន់ក្នុងកិច្ចការគណបក្សនយោបាយនោះ ជារឿងរំលោភរដ្ឋធម្មនុញ្ញ និងផ្ទុយពីកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។
អ្នកវិភាគពន្យល់ថា លោកនាយករដ្ឋមន្ត្រីត្រូវតែយកចិត្តទុកដាក់ទៅលើការធ្វើកំណែទម្រង់គ្រប់គ្រងរដ្ឋ ប្រសើរជាងការចង់ធ្វើច្បាប់ដើម្បីកម្ចាត់មនុស្សម្នាក់ ដើម្បីជាការផ្ចាញ់ផ្ចាល ឬសងសឹកបែបនេះ គឺនាំឲ្យគណបក្សកាន់អំណាចឆ្ពោះទៅរកភាពបរាជ័យលើលទ្ធផលបោះឆ្នោតពេលខាងមុខទៅវិញទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយបន្ថែមទៀត ដើម្បីរារាំងកុំឲ្យទណ្ឌិតលូកលាន់កិច្ចការរបស់គណបក្សនយោបាយ។ លោក ហ៊ុន សែន ថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៨ មិថុនា ក្នុងពិធីខួបលើកទី៦៦ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដោយហាក់សំដៅទៅអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងមានទោសនៅតុលាការកម្ពុជា ប៉ុន្តែលោកនៅតែបន្តរកការគាំទ្រដល់គណបក្សប្រឆាំងនៅក្រៅប្រទេស បើទោះបីជាលោកបានលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ ក៏ដោយ។
លោក ហ៊ុន សែន មានប្រសាសន៍ស្នើឲ្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា របស់លោក ត្រូវពិនិត្យមើលច្បាប់ស្ដីពីគណបក្សនយោបាយឡើងវិញ ដើម្បីធ្វើវិសោធនកម្មច្បាប់នេះដែលចែងពីទណ្ឌិតមិនអាចលូកលាន់ក្នុងកិច្ចការគណបក្សនយោបាយបាន៖ «កុំឲ្យអ្នកទោសធ្វើសកម្មភាពរបៀបនេះ ព្រោះរឿងនេះជារឿងផ្លូវច្បាប់មិនអាចលេងសើចបានទេនៅក្នុងដំណើរការប្រជាធិបតេយ្យ។ យើងមិនខ្លាចអ្នកទេ ក៏ប៉ុន្តែយើងមិនចង់ឲ្យអ្នកមកច្របូកច្របល់នូវអ្វីដែលជាសមិទ្ធផលរបស់ប្រទេសជាតិ ប៉ុន្តែបើអ្នកចិត្តសឿង អញ្ជើញចូលប្រទេសមក»។
ទោះបីជាលោក ហ៊ុន សែន ចង់ធ្វើវិសោធនកម្មច្បាប់នេះមិនប្រកាសឈ្មោះឲ្យចំថា អ្នកណាជាអ្នកដែលលោកចង់រារាំងក្ដី ប៉ុន្តែអ្នកវិភាគថា លោក ហ៊ុន សែន ចង់រារាំងលោក សម រង្ស៊ី មិនឲ្យពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ តទៅទៀត ព្រោះថាលោក សម រង្ស៊ី តែងតែបញ្ចេញមតិនៅក្នុងគណនីហ្វេសប៊ុក (facebook) របស់លោកទាក់ទងនឹងរឿងនយោបាយ ជាពិសេសលោក សម រង្ស៊ី បានទម្លាយរបាយការណ៍សម្ងាត់ដែលអះអាងថា គណបក្សប្រជាជនកម្ពុជា បានជួលក្រុមហ៊ុនបរទេសមួយធ្វើការស្ទង់មតិអំពីប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា កំពុងធ្លាក់ចុះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា លោក ហ៊ុន សែន ត្រូវតែធ្វើច្បាប់ដើម្បីឲ្យមេដឹកនាំខ្មែរមានការបង្រួបបង្រួមជាតិវិញ ប្រសើរជាងគ្រាន់តែចង់ធ្វើច្បាប់ដើម្បីកម្ចាត់គ្នា ដោយគ្រាន់តែខ្លាចឥទ្ធិពលលោក សម រង្ស៊ី បែបនេះ៖ «ជីវិតនយោបាយរបស់លោក សម រង្ស៊ី មិនមែនអាស្រ័យលើច្បាប់របៀបនេះទេ អាស្រ័យលើប្រជាពលរដ្ឋទេ ប្រជាប្រិយភាពរបស់គាត់នោះ ទោះបីជាធ្វើច្បាប់រារាំង ក៏មិនអាចហាមឃាត់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងរឿងនយោបាយបានដែរ»។
ការស្នើធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយរបស់លោក ហ៊ុន សែន នេះ ជាលើកទីពីរហើយ។ លោក ហ៊ុន សែន ធ្លាប់បានស្នើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលចែងពីទណ្ឌិត មិនអាចធ្វើជាប្រធានគណបក្សនយោបាយបាន ដែលជំរុញឲ្យលោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សប្រឆាំង មុនពេលសភារបស់គណបក្សប្រជាជនកម្ពុជា ធ្វើវិសោធនកម្មច្បាប់នេះ។ ក្រៅពីនេះទៀត គេក៏មើលឃើញការធ្វើច្បាប់ឯកពន្ធភាពដែលត្រូវបានសភាអនុម័តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៦ ដែរ ដែលច្បាប់នេះត្រូវបានគេមើលឃើញថា ជាច្បាប់ដែលលោក ហ៊ុន សែន ចង់កម្ចាត់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
លោកមេធាវី ហុង គឹមសួន ពន្យល់ថា គម្រោងចង់ធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនៅពេលនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជារឿងផ្ទុយពីរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ លោកមេធាវីបញ្ជាក់ថា ទណ្ឌិតគ្រាន់តែជាអ្នកមានទោសដែលត្រូវគេឃុំឃាំង ឬរត់គេចពីការឃុំឃាំង តែមិនមែនមានន័យថា គាត់គ្មានសិទ្ធិបញ្ចេញយោបល់ ឬពាក់ព័ន្ធនឹងគណបក្សណាមួយនោះទេ៖ «អ៊ីចឹងមិនអាចធ្វើតាមការនឹកឃើញចឹងបានទេ តែបើធ្វើចេះតែធ្វើបានហើយ តែវាប៉ះពាល់ដល់ការបញ្ចេញមតិរបស់មនុស្សជាទូទៅ ហើយគ្មានច្បាប់ណាលើពិភពលោកចែងអ៊ីចឹងទេ ហើយទណ្ឌិតគ្រាន់តែគ្មានសិទ្ធិក្នុងការដើរហើរ តែសិទ្ធិក្នុងការបញ្ចេញមតិ និងផ្សេងទៀត»។
រដ្ឋធម្មនុញ្ញមាត្រា៣១ ចែងថា ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ឯមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការចង់ធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ លោកមើលឃើញថា លោក ហ៊ុន សែន ប្រើល្បែងដដែលៗក្នុងការដាក់ទោសទណ្ឌលោក សម រង្ស៊ី។ ម្យ៉ាងវិញទៀត បើសិនជាវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដើម្បីកម្ចាត់លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ នោះ លោក មាស នី បានចោទសួរថា តើច្បាប់នេះមានប្រយោជន៍អ្វីដល់សង្គមជាតិ?៖ «បើសិនជាឥឡូវមិនឲ្យលោក សម រង្ស៊ី មានឥទ្ធិពលលើគណបក្ស មិនដឹងជាឃាត់ឃាំងយ៉ាងម៉េចកើត ចឹងមានតែធ្វើទុក្ខទណ្ឌបក្សប្រឆាំង»។
ច្បាប់ស្ដីពីគណបក្សនយោបាយមាន ១១ជំពូក និង ៤៦មាត្រា។ មាត្រា៤ នៃច្បាប់នេះចែងថា គ្រប់គណបក្សនយោបាយមានសិទ្ធិស្មើៗគ្នាក្នុងការទទួលបុព្វសិទ្ធិ និងការយកចិត្តទុកដាក់ដោយស្មើភាពគ្នាពីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។
អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន ត្រូវតែធ្វើកំណែទម្រង់ក្នុងការដឹកនាំរដ្ឋរបស់លោកវិញ ប្រសើរជាងចង់ធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីចង់កម្ចាត់បុគ្គលលោក សម រង្ស៊ី តែម្នាក់បែបនេះ ព្រោះថាការប្រើអំណាចរបស់លោកក្នុងការធ្វើកំណែទម្រង់ឲ្យពិតប្រាកដនោះ គណបក្សនេះនឹងមិនបាត់បង់អ្នកគាំទ្រ និងមិនធ្វើដំណើរឆ្ពោះទៅកាន់ភាពបរាជ័យនៅពេលខាងមុខនោះឡើយ៕
លោក ហ៊ុន សែន ព្រមានកែប្រែច្បាប់រារាំងលោក សម រង្ស៊ី ដែលជួយបក្សប្រឆាំង
Reviewed by sorphornmeanchey
on
11:48 PM
Rating:
No comments: