Top Ad unit 728 × 90

ពត៌មានទាំងអស់

random

អ្នក​ភូមិ​ស្រែគរ​ចាស់​ប្រឈម​នឹង​បញ្ហា​ជីវភាព​និង​សុខភាព

អ្នក​ភូមិ​ស្រែគរ​ចាស់​ប្រឈម​នឹង​បញ្ហា​ជីវភាព​និង​សុខភាព



ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​វារីអគ្គិសនី​សេសានក្រោមពីរ រស់​នៅ​ភូមិ​ស្រែគរចាស់ និង​ភូមិ​ក្បាលរមាស ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ត្អូញ​លំបាក​ក្នុង​ការ​រស់​នៅ និង​កំពុង​មាន​បញ្ហា​សុខភាព នៅ​គ្រា​ដែល​ទឹក​ជំនន់​បាន​ពន្លិច​លំនៅឋាន​ពួកគាត់​ទាំង​ស្រុង។ អ្នក​ភូមិ​ថា ទីទួល​ខ្ពស់​ដែល​ពួកគាត់​កំពុង​ជ្រក​បណ្តោះអាសន្ន​នោះ បាន​ក្លាយ​ជា​កោះ​ហ៊ុមព័ទ្ធ​ដោយ​ទឹក ពិបាក​ធ្វើ​ដំណើរ។
ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ នៅ​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស ចាស់ ជាង ១០០​គ្រួសារ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ថា មក​ទល់​ពេល​នេះ​ពុំទាន់​មាន​កាកបាទក្រហម និង​ជំនួយ​មនុស្សធម៌​របស់​រដ្ឋាភិបាល​មក​ជួយ​សម្រាល​ការ​លំបាក​របស់​ពួកគាត់​នៅ​ឡើយ​ទេ ខណៈ​ទឹក​ជំនន់​បាន​ពន្លិច​ភូមិ​ពួកគាត់​ទាំង​ស្រុង​ហើយ​នោះ។
​ពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែគរ​ចាស់ ជា​ជនជាតិភាគតិច​ឡាវ លោក ហ្វុត ឃឿន ឲ្យ​ដឹង​ថា អ្នក​ភូមិ​ដែល​មក​តាំងទី​លំនៅ​លើ​ទី​ទូល​ខ្ពស់​កំពុង​ប្រឈម​វិបត្តិ​ស្បៀងអាហារ ខ្វះខាត​ទឹកស្អាត និង​កុមារ​ជាង ៥០​នាក់ បាន​បោះបង់​ការសិក្សា​ជាដើម។ លោក​ថា នៅ​ទីទួល​ខ្ពស់​ដែល​អ្នក​ភូមិ​រស់​នៅ​នោះ មាន​ទឹក​ព័ទ្ធ​ជុំវិញ បង្ក​ការ​លំបាក​ធ្វើ​ដំណើរ​ទៅ​ទីប្រជុំជន ត្រូវ​ចំណាយ​ពេល​ច្រើន​ជាង​មុន ត្បិត​ស្ពាន​ស្រែពក ត្រូវ​អាជ្ញាធរ​ដក​ចេញ ដែល​ជា​មូលហេតុ​បង្ខំ​ឲ្យ​អ្នក​ភូមិ​ធ្វើដំណើរ​តាម​ផ្លូវ​វាង​រាប់រយ​គីឡូម៉ែត្រ ឆ្ពោះ​ទៅ​ខែត្រ​ស្ទឹងត្រែង។
លោក​ថា មក​ទល់​ពេល​នេះ​ពុំ​ទាន់​ឃើញ​អាជ្ញាធរ និង​ក្រុមហ៊ុន​ចុះ​ផ្សព្វផ្សាយ​កំណត់​ទីតាំង​បង្កើត​ភូមិថ្មី​នៅ​ឡើយ​ទេ៖ «ផ្លូវ​យើ​ធ្លាប់​ដើរ យើង​ជិះទូក ហើយ​ផ្លូវ​យើង​មិន​ដែល​មាន​ទូកដ​យើង​ត្រូវ​តែ​មាន​ដ យើង​ត្រូវ​តែ​ពិបាក។ ពី​មុន​យើង​ចំណាយ ១​ម៉ឺន ៥​ពាន់ ឥឡូវ​យើង​ចំណាយ ៣​ម៉ឺន»
អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា កម្ពស់​ទឹក​នៅ​ឃុំ​ស្រែគរ ឡើង​ដល់ ៧៨​ម៉ែត្រ​ធៀប​កម្ពស់​នីវ៉ូ​ទឹក​សមុទ្រ និង​ឡើង​ជិត ១០​ម៉ែត្រ​នៅ​ភូមិ​ស្រែគរ​ចាស់ បណ្ដាល​ឲ្យ​លំនៅឋាន​ពលរដ្ឋ​ត្រូវ​លិចលង់​ស្ទើរ​ទាំង​ស្រុង។ លើស​ពី​នេះ ទឹកជំនន់​នេះ​បាន​រាល​ដល់​ពលរដ្ឋ​ដែល​យល់​ព្រម​ទទួល​សំណង នៅ​ភូមិ​ស្រែគរ​ថ្មី ជាង ១០​គ្រួសារ ខូចខាត​ផល​ដំណាំ និង​ផ្លូវ។
​មេ​ឃុំ​ស្រែគរ លោក សៀក មេង្គ បារម្ភ​ថា ផលប៉ះពាល់​អវិជ្ជមាន​កំពុង​គំរាមកំហែង​ដល់​ការ​រស់​នៅ​របស់​អ្នក​ភូមិ រួម​មាន​ខ្វះខាត​ស្បៀង ផ្លូវ​ដែល​អ្នក​ភូមិ​ធ្លាប់​ធ្វើ​ដំណើរ​នៅ​កន្លែង​ខ្លះ​ត្រូវ​ទឹក​កាត់ផ្តាច់​ជា​ដើម។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​ស្រង់​ទិន្នន័យ​ផល​ប៉ះពាល់​ជាក់ស្ដែង​នេះ​រាយការណ៍​ជូន​ថ្នាក់លើ និង​ក្រុមហ៊ុន​រួច​ហើយ រីឯ​ក្រុមហ៊ុន​ឆ្លើយ​តប​ថា អាជ្ញាធរ និង​ក្រុមហ៊ុន​នឹង​ចុះ​ដោះស្រាយ​នៅ​ពេល​ចប់​បុណ្យ​​អុំ​ទូក៖ «អាជ្ញាធរ​ខ្ញុំ ចុះ​ស្រង់​ទិន្នន័យ​ទុក​ដល់​ពេល​ទឹក​លិច​ឲ្យ​ក្រុមហ៊ុន​សង បែរ​ជា​រលាយ​អស់​រលីង។ អត់​មាន​ស្ថាប័ន​ជួយ​ចម្រុះ​ទឹក​អនាម័យ។ បញ្ហា​ទី​៣ បាត់បង់​ការ​រៀន​សូត្រ ទាំង​អនុវិទ្យាល័យ និង​បឋម​ចូល ៥០​នាក់​ហើយ»
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា អាជ្ញាធរ​រដ្ឋ​មាន​ករណី​កិច្ច​ទទួល​ខុស​ត្រូវ​ជីវភាព​រស់នៅ​របស់​ពល​រដ្ឋ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ បើទោះបីជា​អ្នក​ភូមិ​ទាំង​នោះ​បដិសេធ​មិន​ទទួល​សំណង​ក្តី។
លោក​កត់សម្គាល់​ថា កាកបាទក្រហម និង​ជំនួយ​មនុស្សធម៌​របស់​រដ្ឋាភិបាល ហាក់​រើស​អើង​ចំពោះ​ពលរដ្ឋ​នៅ​តំបន់​នោះ៖ «ខាង​កាកបាទក្រហម​យើង ដូច​មិន​ទាន់​ឃើញ​ជំនួយ​ជួយ​គាត់ ព្រោះ​ឥឡូវ​គាត់​កំពុង​ទទួល​ការ​លំបាក​ហើយ។ ក្នុង​នាម​រដ្ឋាភិបាល​យើង​ត្រូវ​តែ​ជួយ​គាត់​បន្ត​ទៀត ទោះ​បី​គាត់​មិន​ព្រម​ចាក​ចេញ​ក៏ដោយ ព្រោះ​ជា​សិទ្ធិ​របស់គាត់ យើង​មិន​អាច​បង្ខំ​គាត់​បាន​ទេ»
របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ អោយ​ដឹង​ថា រយៈពេល​ប្រមាណ ៣​ខែ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ជាង ៥០​គ្រួសារ​ថ្មី​ទៀត នៅ​ឃុំ​ស្រែគរ បាន​យល់​ព្រម​ទទួល​សំណង និង​ចាក​ចេញពី​ភូមិ​ចាស់​ ទៅ​រស់​នៅ​ភូមិ​ថ្មី ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​រស់​នៅ​ឃុំ​ក្បាលរមាស ៥៧​គ្រួសារ និង​ឃុំ​ស្រែគរ ជិត ៦០​គ្រួសារ នៅ​មិន​ទាន់​យល់​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​ស្រែគរ​ចាស់​ប្រឈម​នឹង​បញ្ហា​ជីវភាព​និង​សុខភាព Reviewed by sorphornmeanchey on 4:02 PM Rating: 5

No comments:

All Rights Reserved by ដែនដីអង្គរ © 2014 - 2015
Designed by Themes24x7

Contact Form

Name

Email *

Message *

Powered by Blogger.